ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
ករណីឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់វាយគ្នាទៅវិញទៅមកបណ្ដាលឲ្យរងរបួសទាំងសងខាង) កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅថ្ងៃសៅរ៍ ២កើតខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៧:៣០នាទី កំលាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់វាយគ្នាទៅវិញទៅមកបណ្ដាលឲ្យរងរបួសទាំងសងខាង) ប្រព្រឹត្តនៅចំណុច លើដងផ្លូវលេខ២៥៩ កែង១៣៨Z ក្រុម ទី១៥ ភូមិ៤ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០១:០៥នាទី រំលងអាធ្រាត្រ ។
*ជនសង្ស័យភាគីទី១
១-ឈ្មោះ ឈាន ចាន់ធី ហៅ យ៉ា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលលេខ១៨៦ ផ្លូវលេខ១៣២Z ក្រុមទី១៥ ភូមិ៤ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ចាន់ ដានី ហៅ ស្រីខួច ភេទ ស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលលេខ១៨៦ ផ្លូវលេខ១៣២Z ក្រុមទី១៥ ភូមិ៤ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៣-ឈ្មោះ យិន ផល្លា ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៨៦ ផ្លូវលេខ១៣២Z ក្រុមទី១៥ ភូមិ៤ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៤-ឈ្មោះ ជឹង ជុងដាយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករកន្លែងលក់ខោអាវជជុះ ស្នាក់នៅផ្ទះជួលលេខ១៩ ផ្លូវលេខ១៨៩ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
*ទំនាស់ជាមួយជនសង្ស័យភាគីទី២
១-ឈ្មោះ ហ៊ុល វណ្ណះ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងយោធពលខេមរភូមិន្ទ ឋានន្តរសក្តិ វរសេនីយ៏ទោ កងឯកភាព នាយកដ្ឋានហិរញ្ញវត្ថុអគ្គភស្តុភារ ហិរញ្ញវត្ថុ ក.ព.ជ ស្នាក់នៅផ្ទះលេខ៥៦Eo ផ្លូវ លេខ១២២ក្រុម១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
២-ឈ្មោះ ជួន ផល្លី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិល្ប:ការី ស្នាក់នៅផ្ទះជួលលេខ១៨៥ ផ្លូវលេខ១៣៨Z ក្រុមទី១៥ ភូមិ៤ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌួទួលគោក រាជធានីភ្នំពេញ (រងរបួសសៀតផ្កាខាងឆ្វេងធ្ងន់ កំពុងព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុម: ) ។
-វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុមាន៖ ដំបងឈើមូលមួយមាន ដែករុំទាំងសងខាង មានប្រវែងប្រហែល ៩តឹក , ដែកដងអំបោសពណ៌សមួយមាន ប្រវែងប្រហែល ៦តឹក , កំទេចអំបែងដបស្រាបៀរ Tiger មួយចំនួន និង តូមួយគ្រឿងម៉ាកYAMAHA EXCITER ពណ៌ស-លាយក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1I-8278 មានលេខម៉ាស៊ីន : 216798 (ជារបស់ភាគីទាំងពីរយកទៅគប់និងវាយគ្នាហើយចោលនៅកន្លែងកើតហេតុ) ។
-វត្ថុតាងចាប់យកមាន៖
-អាវុធខ្លីមួយដើមម៉ាក BERETTA ផលិតនៅប្រទេសអាមេរិក មានលេខ BER 570610 គ្រាប់ចំនួន១៥គ្រាប់ មានប័ណ្ណសំគាល់អាវុធខ្លីសមូហភាព ចុះបញ្ជីលេខ បក.២៣១២២ កពជ ថ្ងៃចេញប័ណ្ណ 20-03-2017 មានលិខិតបញ្ជាបេសកកម្មលេខ៥៧/១៨ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ផុតកំណត់ ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨ (ចាប់យកពីឈ្មោះ ហ៊ុល វណ្ណះ ) ។
ដំណើររឿងហេតុ
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០:០០នាទី ឈ្មោះ ជួន ផល្លី ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បានអង្គុយផឹកស៊ីនៅមុខបន្ទប់ជួល នៃផ្ទះលេខ១៨៥ ផ្លូវលេខ១៣៨Z ក្រុម ទី១៥ ភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយផឹកស៊ីមានមិត្តភ័ក្រ្តមកចូលរួមជាបន្តបន្ទាប់ មានចំនួន១០នាក់ ក្នុងនោះក៏មានឈ្មោះ ហ៊ុល វណ្ណះ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ជាសង្សារបស់ឈ្មោះ ជួន ផល្លី មកចូលរួមផឹកស៊ីដែរ លុះរហូតដល់ម៉ោងប្រហែល ១២:០០នាទីរំលងអាធ្រាត្រ ស្រាប់តែមានឈ្មោះ ចាន់ ដានី ហៅ ស្រីខួចភេទស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរ , ឈ្មោះ យិន ផល្លា ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ឈាន ចាន់ធី ហៅ យ៉ា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ជឹង ជុងដាយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម រួមនិងមិត្តភ័ក្រ្តប្រុស០២និងស្រី០២នាក់ទៀត (មិនស្គាល់ឈ្មោះ ) បានមកអង្គុយផឹកស៊ីនៅខាងមុខផ្ទះលេខ១៨៦Z(នៅ ទល់មុខគ្នាជាមួយផ្ទះរបស់ឈ្មោះ ជួន ផល្លី និងឈ្មោះ ហ៊ុល វណ្ណះ ) ក្នុងពេលភាគីទាំពីរនេះកំពុងផឹកស៊ី នៅទល់មុខគ្នា និងដោយសារ មានទំនាស់គ្នារឿងចាស់កន្លងមក(រឿងឈ្មោះ ជួន ផល្លី ចតឡានលើផ្លូវមុខផ្ទះ ឈ្លោះជាមួយឈ្មោះ ចាន់ ដានី, ឈ្មោះ ចាន់ រស្មី ហៅ ស្រីទូច ) ពេលនោះឈ្មោះ ចាន់ ដានី ក៏បានឌឺដងពាក្យសំដីគ្នាមកលើឈ្មោះ ជួន ផល្លី ដោយឌឺទៅវិញទៅមក រហូតដល់ម៉ោងប្រហែល ០១:០៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ភាគីឈ្មោះ ជួន ផល្លី និងឈ្មោះ ហ៊ុល វណ្ណះ រួមនិងមិត្តភ័ក្ត្រផ្សេងទៀតក៏បានឈប់ផឹកស៊ី ព្រោះខ្លាចមានរឿង នៅពេលដែលឈ្មោះ ជួន ផល្លី និងឈ្មោះ ហ៊ុល វណ្ណះ និងមិត្តភ័ក្រ្ត ក៏បាននាំគ្នាចេញទៅក្រៅ ស្រាប់តែឈ្មោះ ចាន់ ដានី ហៅ ស្រីខួច , ឈ្មោះ យិន ផល្លា , ឈ្មោះ ឈាន ចាន់ធី ហៅ យ៉ា និងឈ្មោះ ជឹង ជុងដាយ និងឈ្មោះ ចាន់ រស្មី ហៅ ទូច ភេទស្រី អាយុប្រហែល២៣ឆ្នាំ ជនជាតិខ្មែរ (គេចខ្លួន) មានបក្សពួកបន្ថែមទៀត បានជិះម៉ូតូកង់បីឥណ្ឌា មកដល់ក៏រត់ទៅធ្វើសកម្មភាពវាយនិងគប់ទៅលើឈ្មោះ ជួន ផល្លី (ជាគូទំនាស់ ) និងមិត្តភ័ក្រ្ត (មើលតាមកាមេរ៉ាសុវត្ថិភាពផ្ទះលេខ១៨៥) ហើយក៏មានការវាយប្រតាយប្រតប់គ្នាទៅវិញទៅមក បណ្ដាលឲ្យត្រូវរបួសទាំងសងខាង (ឈ្មោះ ជួន ផល្លី ត្រូវរបួសសៀតផ្កាខាងឆ្វេងធ្ងន់ ) ចំណែកឈ្មោះ ឈាន ចាន់ធី យ៉ា ត្រូវរបួសក្បាលផ្នែកខាងឆ្វេងពីរកន្លែង ដោយសារឈ្មោះ ហ៊ុល វណ្ណះ បានយកអាវុធខ្លីម៉ាក BERETTA វាយ ហើយឈ្មោះ ហ៊ុល វណ្ណះ បានអាម៉េ អាវុធខ្លីការពារខ្លួន គំរាមកុំឲ្យភាគីម្ខាងទៀតចូលមកវាយទៀត ក្នុងការវាយទំនាស់គ្នាទៅវិញទៅមកគឺពុំមានការផ្ទុះអាវុធទេ ដោយបន្សល់ទុកនៅកន្លែងកើតហេតុមានដំបងឈើមូលមួយមាន ដែករុំទាំងសងខាង មានប្រវែងប្រហែល ៩តឹក , ដែកដងអំបោសពណ៌សមួយមានប្រវែងប្រហែល ៦តឹក , កំទេចអំបែងដបស្រាបៀរ Tiger មួយចំនួន និងម៉ូតូមួយគ្រឿងម៉ាកYAMAHA EXCITER ពណ៌ស-លាយក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1I-8278 (ជារបស់ភាគីទាំងពីរយកទៅគប់និងវាយគ្នាហើយចោលនៅកន្លែងកើតហេតុ) ។ ក្រោយកើតហេតុកំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ បានចុះមកអន្តរាគមន៍ ភាគីទាំងពីរក៏បានបំបែកផ្លូវគ្នារៀងៗខ្លួន លុះមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៧:៣០នាទី ជនបង្ករទាំងពីរភាគី០៥នាក់ ខាងលើក៏ត្រូវសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនយកមកសាកសួរតែម្ដង ។
ចំណែកឈ្មោះ ជួន ផល្លី ដោយសារ មានរបួសសៀតផ្កាខាងឆ្វេងធ្ងន់ កំពុងព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុម: ។
បច្ចុប្បន្ន: ជនសង្ស័យទាំង០៥នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

No comments