ករណីពពោះជំនួសសម្រាប់ឆ្លងដែនទៅប្រទេសចិន
ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណី លួចលាក់បញ្ចូលមេជីវិតឲ្យស្រ្តីខ្មែរពពោះជំនួសដើម្បីនាំយកកូនទៅលក់នៅប្រទេសចិន ។
ជនស្ស័យទាំង៥នាក់មានៈ ១-ឈ្មោះ LiU QIANG ជនជាតិចិន ភេទប្រុស អាយុ៤៩ឆ្នាំ២-ឈ្មោះ ស្វាយ ស៊ីណុច ភេទស្រី អាយុ៣៤ឆ្នាំ, ទី៣-ឈ្មោះ គឿន ស្រីឡាង ភេទស្រី អាយ២៧ឆ្នាំ, ទី៤-ឈ្មោះ លឹម សុភាព ភេទស្រី អាយុ១៩ឆ្នាំ និងទី៥-ឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ (ស្រ្តី៤នាក់នេះសុទ្ធតែជាជនជាតិខ្មែរ) ។
ប្រតិបត្តិការបង្រ្កាបខាងលើ ធ្វើឡើងនៅវេលារ ម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នេះ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ និងសហការជាមួយនរគបាលខឬស្សីកែវ បានឆក់ចូលបង្ក្រាបទីតាំងលួចលាក់បញ្ចូលមេជីវិតឲ្យពពោះជំនួសមួយកន្លែងស្ថិតនៅផ្ទះលេខ២អា និង៩អា ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៥នាក់និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ក្រោមការចោទប្រកាន់ពីរបទល្មើស ទី១-បទ «អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែនដោយខុសច្បាប់» តាមមាត្រា១៦ នៃច្បាប់ស្តីពីប្រឆាំងការជួញដូរមនុស្ស និងទី២-បទ «អន្តរការីរវាងអ្នកសុំកូន និងស្រ្តីពពោះជំនួស» តាមមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ ។
ក្រៅពីនេះស្រ្តីស៊ីឈ្នួលពពោះប្រមាណ៣៣នាក់ត្រូវបានប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ចយកទៅថែរក្សាដែលក្នុងមានស្រ្តីខ្លះពពោះមានកូនក្នុងផ្ទៃចាប់ពី២ខែដល់៨ខែហើយ ។ ហើយក្នុងនោះដែរក៏មានស្រ្តី៣នាក់ដែលជាអ្នកដាំបាយ ជូនសំអាតផ្ទះជាទីតាំងសម្រាប់ស្រ្តីពពោះ ដែលមិនជាប់ពាក់ព័ន្ធរឿងអីសោះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យទៅផ្ទះវិញ ។
ក្នុងចំណោមជនសង្ស័យក្នុងចំណោម៥នាក់មានបុរសជនជាតិចិនម្នាក់នោះជាអ្នកទទួលចាត់ការទូទៅលើករណីស្រ្តីពពោះជំនួសសម្រាប់នាំចេញទៅប្រទេសចិន ។ រីឯស្រ្តីខ្មែរ៤នាក់គ្រាន់តែជាមេការចាត់ចែងរៀបចំទុក្ខដាក់ និងជាអ្នកទាក់ទងរកនារីណាស្ម័គ្រចិត្តពពោះជំនួសតាមរយៈវិធីចាក់ថ្នាំមេជីវិត ។ ស្រ្តីអ្នកពពោះជំនួសត្រូវបានគេជួលឲ្យតម្លៃក្នុងម្នាក់១ម៉ឺនដុល្លារអាមេរិកតែប្រាក់១ម៉ឺនដុល្លារអាមេរិកនោះត្រូវបានមេខ្យល់ដកយកកុំមុយសុងអស់១០០០ដុល្លារទៅហើយ ។
ស្រី្តដែលស្ម័គ្រទទួលយកប្រាក់ដើម្បីជាថ្នូរនិងចំណាយពេលវេលាពពោះត្រូវបានមេការចិនរួមទាំងស្រ្តីខ្មែរ៤នាក់នាំយកទៅរក្សាទុកទីតាំងមួយកន្លែង ដើម្បីប្រើប្រាស់ចាក់ថ្នាំមេជីវិតតាមបែបវិទ្យាសាស្រ្តឲ្យមានកូន ។ នៅពេលពួកគេមានកូនក្នុងផ្ទៃហើយ ស្រ្តីស៊ីឈ្នួលពពោះ និងរង់ចាំចេញដំណើរតាមជើងយន្តហោះទៅកាន់ប្រទេសចិន ដែលមានមេក្លោង២នាក់នៅចាំទទួល និងចាត់ចែងយកទៅទុកកន្លែងមួយដើម្បីចិញ្ចឹមពួកគេទម្រាំដល់ថ្ងៃស្រ្តីពពោះប្រសូត្រកូន ហើយប្រគល់ទារកនោះឲ្យទៅមេក្លោងនោះ ។
បន្ទាប់មកស្ត្រីខ្មែរដែលស៊ីឈ្នួលពពោះត្រូវបានថៅកែធំនៅប្រទេសចិនឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ ។ ស្រ្តីស៊ីឈ្នួលពពោះទាំង៣៣ នាក់នោះភាគច្រើនសុទ្ធតែជាស្រ្តីមានភាពក្រីក្រ ខ្វះខាតខាងជីវភាពក្នុងក្រុមគ្រួសារ ទើបបានជាពួកគេសម្រេចចិត្តចំណាយពេល១ឆ្នាំ សម្រាប់ពពោះយកប្រាក់ដោះស្រាយជីវភាព ។













No comments