បង្ក្រាបករណីហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោស
👮 ដោយបានទទួលបទបញ្ជាយ៉ាងម៉ត់ចត់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ៧ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១១ៈ០០នាទី នៅចំណុចភូមិបួនជួរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំង នាយកដ្ឋានព្រហ្មទណ្ឌ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហ៊ន រិទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅផ្ទះជួល ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ ដែលបានធ្វើសកម្មភាព យកកាំបិតផ្គាក់ដងដែក ពណ៌ខ្មៅ ប្រវែងកន្លះម៉ែត្រ មកកាប់ជនរងគ្រោះ ឈ្មោះ ត្រន ពៅ ភេទស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
នៅបន្ទប់ជួលចំក្បាលផ្នែកខាងក្រោយបណ្តាលឲ្យដាច់សាច់ចេញឈាមធ្ងន់ធ្ងរ រួចហើយជនសង្ស័យ ទម្លាក់កាំបិតផ្គាក់ចោលនឹងកន្លែងកើតហេតុហើយរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានអ្នកជិតខាងដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ព្រះកុសុមៈ។
👉មូលហេតុ ដោយសារជនសង្ស័យចោទជនរងគ្រោះ មានការផិតក្បត់ខ្លួន ហើយជនរងគ្រោះបានបដិសេធន៍។ បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់ឲ្យទៅកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី៕
ប្រភព៖ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង
No comments